បណ្តាញសង្គម

រុស្ស៊ី ព្រមានពីសង្គ្រាមលោកលើកទី៣ នៅមុនកិច្ចប្រជុំកំពូលលោកខាងលិចស្តីពីអាវុធចំពោះអ៊ុយក្រែន

 ប្រទេសរុស្ស៊ី បានព្រមានពីការគំរាមកំហែង "ពិតប្រាកដ" នៃសង្គ្រាមលោកលើកទី 3 ដែលអាចផ្ទុះឡើង នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារ (26 មេសា) រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣ “គឺធ្ងន់ធ្ងរ” ហើយបានរិះគន់វិធីសាស្រ្តរបស់ទីក្រុង Kyiv ចំពោះការចរចាសន្តិភាព ដែលមានភាពច្របូកច្របល់។

ការលុកលុយរបស់ទីក្រុងមូស្គូទៅលើប្រទេសជិតខាងរបស់ខ្លួន បានបង្កឱ្យមានការផ្ទុះការគាំទ្រពីបណ្តាប្រទេសលោកខាងលិច ដែលត្រូវបានគេមើលឃើញថាអាវុធជាច្រើន បានចាក់ចូល ទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។

ប៉ុន្តែមហាអំណាចលោកខាងលិច មានការស្ទាក់ស្ទើរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ពួកគេ ដោយសារតែភ័យខ្លាចថា នឹងបង្កឱ្យមានជម្លោះប្រឆាំងនឹងរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ។

អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតី Volodymyr Zelenskyy បាននឹងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន សម្រាប់អាវុធធុនធ្ងន់ រួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំង ដោយប្តេជ្ញាថាកងកម្លាំងរបស់លោក អាចបង្វែរជំនោរនៃសង្រ្គាមជាមួយនឹងកម្លាំងសព្វាវុធ កាន់តែច្រើន។

ការអំពាវនាវនេះ ហាក់ដូចជាមានសន្ទុះឡើងវិញនៅពេលនេះ ដោយប្រទេសជាច្រើននៃអង្គការណាតូ បានសន្យាថា នឹងផ្តល់អាវុធធុនធ្ងន់ និងឧបករណ៍ជាច្រើន បើទោះបីជាមានការតវ៉ាពីទីក្រុងមូស្គូក៏ដោយ។ តបតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក ប្រទេសចំនួន 40 ក៏នឹងរៀបចំកិច្ចប្រជុំកំពូលសន្តិសុខនៅប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីអាវុធបន្ថែមទៀតដល់អ៊ុយក្រែន ក៏ដូចជាធានាសន្តិសុខរយៈពេលវែងរបស់ប្រទេសនេះ នៅពេលដែលសង្រ្គាមបានបញ្ចប់ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអង្គារ។