បណ្តាញសង្គម

តៃវ៉ាន់ កាត់បន្ថយរយៈពេលចត្តាឡីស័កសម្រាប់ការមកដល់ ទោះបីជាករណី COVID-19 កើនឡើងក៏ដោយ

កោះតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃអង្គារ (ទី០៣ ឧសភា) ថា ខ្លួន នឹងកាត់បន្ថយការធ្វើចត្តា-ឡីស័ក COVID-19 ជាកាតព្វកិច្ច សម្រាប់ការមកដល់ទាំងអស់ ពី 10 ថ្ងៃ ទៅ7 ថ្ងៃ ហើយនឹងចូលជាធរមាននៅថ្ងៃច័ន្ទក្រោយ។

នេះ គឺជាច្បាប់នៃការបន្ធូរបន្ថយចុងក្រោយបង្អស់របស់កោះនេះ ដើម្បីព្យាយាមរស់នៅជាមួយ COVID-19 និងបន្តជីវិតរស់នៅធម្មតា ទោះបីជាចំនួននៃការឆ្លងក្នុងស្រុក កើនឡើងក៏ដោយ។

តៃវ៉ាន់ បានរក្សាច្បាប់ចត្តាឡីស័កជាធរមាន ខណៈដែលផ្នែកមួយចំនួនធំនៃអាស៊ី បានបន្ធូរបន្ថយ ឬដកវាចេញទាំងស្រុង ទោះបីជាខ្លួន បានកាត់បន្ថយពេលវេលា ដែលបានចំណាយក្នុងការដាច់ដោយឡែករួចហើយ ពី២សប្តាហ៍ មកត្រឹម 10 ថ្ងៃ ក្នុងខែមីនាក៏ដោយ។

តៃវ៉ាន់ បានរាយការណ៍អំពីករណីឆ្លងក្នុងស្រុកចំនួន 125,000 នាក់ ចាប់តាំងពីដើមឆ្នាំនេះ ដែលឆ្លងច្រើនដោយសារវ៉ារ្យ៉ង់ Omicron ។ ប៉ុន្តែជាមួយនឹងជាង 99% នៃអ្នក ដែលមិនមានបង្ហាញរោគសញ្ញា ឬរោគសញ្ញាស្រាល រដ្ឋាភិបាល បានបន្ធូរបន្ថយជាជាងការរឹតបន្តឹងលើអ្វីដែលខ្លួនហៅថា "គំរូតៃវ៉ាន់ថ្មី"។

ការមកដល់ទាំងអស់ នឹងនៅតែត្រូវធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ polymerase (ឬPCR) នៅពេលទៅដល់តៃវ៉ាន់។ ពួកអ្នកដំណើរ នឹងត្រូវបានអនុញ្ញាតិឲ្យចេញដើរ នៅថ្ងៃទីប្រាំពីរនៃការធ្វើចត្តាឡីស័ក បើទោះបីជាពួកគេ អវិជ្ជមានពីការធ្វើតេស្តរហ័សក៏ដោយ។

តម្រូវការសម្រាប់ការធ្វើតេស្ត PCR អវិជ្ជមាន មុនពេលចេញដំណើរ នៅតែជាធរមាន នេះបើតាមការផ្សាយរបស់ Reuters កាលពីល្ងាចថ្ងៃអង្គារ។