បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចេញពីឆ្នេរសមុទ្រខាងកើត មុនថ្ងៃសម្ពោធកូរ៉េខាងត្បូង

 កូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ឆ្ពោះទៅសមុទ្រ ពីឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ទី៤ ខែឧសភា ប្រហែលមួយសប្តាហ៍ បន្ទាប់ពីក្រុងព្យុងយ៉ាង ប្តេជ្ញាអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងល្បឿនលឿនបំផុត។

ការបាញ់បង្ហោះ ដែលជាការបាញ់សាកល្បងអាវុធជាលើកទី 14 របស់កូរ៉េខាងជើងនៅឆ្នាំនេះ កើតឡើងប៉ុន្មានថ្ងៃ មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង Yoon Suk-yeol ចូលកាន់តំណែងនៅថ្ងៃទី 10 ខែឧសភា។

ការសាកល្បងចុងក្រោយរបស់ខាងជើង គឺនៅថ្ងៃទី 16 ខែមេសា ហើយពាក់ព័ន្ធនឹងអាវុធដឹកនាំយុទ្ធសាស្ត្រថ្មី ក្នុងគោលបំណងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួន ចាប់បាមការបាញ់បង្ហោះនៅម៉ោងប្រហែលថ្ងៃត្រង់ នៅតំបន់ Sunan នៃទីក្រុង Pyongyang ដែលជាទីតាំងអាកាសយានដ្ឋានអន្តរជាតិមួយ ហើយពីទីតាំង ដែលកូរ៉េខាងជើង បាននិយាយថា ខ្លួន បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឈ្មោះ Hwasong- 17 កាលពីថ្ងៃទី 24 ខែមីនាកន្លង។

កាំជ្រួចនេះ អាចហោះបានចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រ ដល់កម្ពស់អតិបរមា ៧៨០ គ.ម។ JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ មិនត្រឹមតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងសហគមន៍អន្តរជាតិផងដែរ" និងបានជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។

កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងពន្លឿនការអភិវឌ្ឍន៍ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ខណៈពេលដែលកំពុងត្រួតពិនិត្យក្បួនដង្ហែរយោធាដ៏ធំមួយ ខណៈដែលកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅតែជាប់គាំង នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។