បណ្តាញសង្គម

នាយករដ្ឋមន្ត្រីស្រីលង្កា លាលែងពីតំណែង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា

 នាយករដ្ឋមន្ត្រីស្រីលង្កាលោក Mahinda Rajapaksa បានលាលែងពីដំណែងកាលពីថ្ងៃចន្ទ (ទី៩ ឧសភា) នេះបើតាមអ្នកនាំពាក្យរបស់លោក បាននិយាយភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្ររបស់លោក និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបណ្តាលឲ្យមនុស្ស ៧៨ នាក់រងរបួស។

លោក Mahinda បានស្នើសុំលាលែងពីតំណែង ចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសកោះមួយនេះ ចាប់តាំងពីទទួលបានឯករាជ្យ ដែលនាំឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ បុរសវ័យ 76 ឆ្នាំរូបនេះ បានផ្ញើលិខិតលាលែងពីតំណែងទៅកាន់ប្អូនប្រុសរបស់លោក ដែលជាប្រធានាធិបតី គឺលោក Gotabaya Rajapaksa ដើម្បីត្រួសត្រាយផ្លូវសម្រាប់ "រដ្ឋាភិបាលរួបរួមថ្មី" គូសបញ្ជាក់ផងដែរថា អាជ្ញាធរស្រីលង្កា បានដាក់បម្រាមគោចរទូទាំងប្រទេស និងដាក់ពង្រាយកងទ័ពកាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅពេលដែលអ្នកគាំទ្ររដ្ឋាភិបាលប្រដាប់ដោយដំបង និងព្រនង់ វាយប្រហារមកលើក្រុមអ្នកតវ៉ា។

ប្រជាជនស្រីលង្កា បានទទួលរងនូវការដាច់ភ្លើងជាច្រើនខែ និងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ នៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់កោះនេះ ចាប់តាំងពីទទួលបានឯករាជ្យ ដែលបណ្តាលឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធីជាច្រើនសប្តាហ៍។

ប៉ុន្តែការប៉ះទង្គិចគ្នាកាលពីថ្ងៃច័ន្ទ គឺជាការប៉ះទង្គិចមួយដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិ បានផ្ទុះឡើងនៅរដ្ឋធានីកូឡុំបូ នៅពេលដែលអ្នកគាំទ្រក្រុមគ្រួសាររបស់លោកប្រធានាធិបតី Gotabaya Rajapaksa និងបងប្រុស Mahinda ដែលជានាយករដ្ឋមន្ត្រី បានផ្ទុះឡើង នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃចន្ទ។