បណ្តាញសង្គម

គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារឆ្នេរសមុទ្រតៃវ៉ាន់

 យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រតៃវ៉ាន់ នៅរសៀលថ្ងៃចន្ទ ដោយបានធ្វើឱ្យអគារខ្ពស់ៗ ញ័រ និងពន្យារពេលសេវារថភ្លើងជាច្រើន។

យោងតាម USGS គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅមុនម៉ោង 2.30 រសៀលក្នុងជម្រៅ 27 គីឡូម៉ែត្រ។ វាស្ថិតនៅចំកណ្តាលប្រហែល 70km ភាគនិរតីនៃកោះ Yonakuni ដែលជាកោះជប៉ុនមួយ មិនឆ្ងាយពីតៃវ៉ាន់។ ការិយាល័យអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បាននិយាយថា ការរញ្ជួយលើកទី 5 ក្នុងឆ្នាំនេះ លើសពីកម្រិត 6.0 រ៉ិចទ័រ នៅទូទាំងកោះនេះ ទោះបីជាមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតក៏ដោយ។

វា ត្រូវបានបន្តដោយការរញ្ជួយដីចំនួនពីរទៀត ដែលមានកម្រិត 5.4 និង 5.2 រ៉ិចទ័រ ក្នុងរយៈពេល 90 នាទីនៃការរញ្ជួយដំបូង។ រដ្ឋបាលផ្លូវដែកតៃវ៉ាន់ បានឲ្យដឹងថា រថភ្លើងចំនួន 17 បានកំពុងដំណើរការក្នុងល្បឿនកាត់បន្ថយ ជាបណ្តោះអាសន្ន ដែលជាការប្រុងប្រយ័ត្ន បន្ទាប់ពីការរញ្ជួយដី។

ទីភ្នាក់ងារឧតុនិយមជប៉ុន ដែលបានប៉ាន់ប្រមាណការរញ្ជួយដីមានកម្រិត ៦.៦រ៉ិចទ័រ បាននិយាយថា វាអាចបណ្តាលឱ្យមានការប្រែប្រួលកម្រិតទឹកសមុទ្រតិចតួច ប៉ុន្តែមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។

តៃវ៉ាន់ និងតំបន់ជុំវិញតែងតែរងការរញ្ជួយដីជាប្រចាំ ដោយសារពួកគេ នៅក្បែរចំណុចប្រសព្វនៃបន្ទះប្លាកែតពីរ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃចន្ទ។