បណ្តាញសង្គម

អតីតនាយករដ្ឋមន្ត្រីស្រីលង្កា នឹងមិនភៀសខ្លួនចេញពីប្រទេសទេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ

លោក Mahinda Rajapaksa របស់ប្រទេសស្រីលង្កា ដែលបានលាលែងពីតំណែង ជានាយក រដ្ឋមន្ត្រី បន្ទាប់ពីអ្នកគាំទ្ររបស់លោក បានវាយប្រហារលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងបង្កឲ្យ មានអំពើហិង្សានោះ នឹងមិនរត់ចេញពីប្រទេសនោះទេ នេះបើតាមកូនប្រុស របស់លោក បានប្រាប់ AFP កាលពីថ្ងៃអង្គារ (10 ឧសភា)។

បុរសអាយុ 76 ឆ្នាំ ជាអ្នកដឹកនាំក្រុមនយោបាយកាន់អំណាច ត្រូវបានរង្គោះរង្គើដោយការដាច់ភ្លើង និងកង្វះខាតជាច្រើនខែនៅក្នុងប្រទេសកោះ ដែលកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីឯករាជ្យកាលពីឆ្នាំ 1948 មក។

លោក Mahinda ត្រូវបានយោធាជម្លៀសចេញកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីមានឡោមព័ទ្ធដោយហ្វូងមនុស្ស ដែលមានកំហឹង ហើយត្រូវបានគេនាំទៅកាន់ទីតាំងមួយ ដែលមិនបញ្ចេញឈ្មោះ បន្ទាប់ពីក្រុមបាតុករក បានឡើងលើរបងអគារ Temple Trees ជាគេហដ្ឋានផ្លូវការរបស់លោកក្នុងរដ្ឋធានីកូឡុំបូ។

ប៉ុន្តែកូនប្រុសរបស់លោក ឈ្មោះ Namal ដែលរូបលោក ធ្លាប់ត្រូវបានគេសរសើរថា ជាមេដឹកនាំជាតិនាពេលអនាគត បាននិយាយថា គ្រួសារ Rajapaksa មិនមានគម្រោងចាកចេញពីប្រទេសស្រីលង្កាទេ ទោះបីជាមានការតវ៉ាជាច្រើនសប្តាហ៍ទាមទារឱ្យពួកគេបោះបង់អំណាចក៏ដោយ។

លោក បានបន្ថែមថា ឪពុករបស់លោក នឹងមិនចុះចេញពីតំណែងជាតំណាងរាស្រ្តទេ ហើយចង់ដើរតួនាទីយ៉ាងសកម្មក្នុងការជ្រើសរើសអ្នកស្នងតំណែងខ្លួន។ គូសបញ្ជាក់ផងដែរថា ត្រកូល Rajapaksa បានគ្រប់គ្រងនយោបាយរបស់ប្រទេសស្រីលង្កា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប៉ុន្តែប្អូនប្រុសរបស់ Mahinda គឺលោក Gotabaya Rajapaksa នៅតែកាន់តំណែងជាប្រធានាធិបតី ដោយមានអំណាចប្រតិបត្តិយ៉ាងទូលំទូលាយ និងបញ្ជាលើកងកម្លាំងសន្តិសុខ។