បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកោះ Solomon ច្រានចោលការព្រួយបារម្ភជុំវិញកិច្ចព្រមព្រៀងដែនសមុទ្ររបស់ចិន

 នាយករដ្ឋមន្ត្រីនៃកោះ Solomon បានច្រានចោលការរិះគន់លើកិច្ចព្រមព្រៀងវិនិយោគលើដែន សមុទ្រថ្មីជាមួយប្រទេសចិន កាលពីថ្ងៃពុធ (11 ឧសភា) ដោយនិយាយថា មិនមានអ្វី "អាក្រក់" នៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងនោះទេ។

កិច្ចព្រមព្រៀងថ្មី ដែលឯកសារ១ច្បាប់ ត្រូវបានបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ បានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខដ៏ចម្រូងចម្រាសមួយ ត្រូវបានចុះហត្ថលេខាកាលពីខែមុន។ កតិកាសញ្ញាសន្តិសុខ បានផ្តល់ឱ្យទីក្រុងប៉េកាំងនូវជំហរយោធានៅប៉ាស៊ីហ្វិកខាងត្បូង ហើយបានបង្កឱ្យមានការព្រួយបារម្ភដល់ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីកោះ Solomon Islands លោក Manasseh Sogavare បានច្រានចោលការរិះគន់អំពីអនុស្សរណៈនៃការយោគយល់ ដែលលេចធ្លាយដាច់ដោយឡែកពីគ្នាលើការវិនិយោគលើដែនសមុទ្រ ដោយពណ៌នាថា វាជា "គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទ្វេភាគីធម្មតា" ដែលមិនទាន់ត្រូវបានចេញជាផ្លូវការ។

មួយថ្ងៃមុននេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានសម្តែងការព្រួយបារម្ភទាក់ទងនឹងអនុស្សរណៈនេះ ដែលគ្របដណ្តប់ខ្សែកាបក្រោមសមុទ្រ ចំណតកំពង់ផែ ការសាងសង់កប៉ាល់ និងតំបន់ផ្សេងៗទៀត។

ទំនាក់ទំនងដ៏កក់ក្តៅរបស់កោះ Solomon ជាមួយប្រទេសចិន គឺជាបញ្ហាសំខាន់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិសុខ Solomon ជាមួយប្រទេសចិន ត្រូវបានលេចធ្លាយជាលើកដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែមីនា នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃពុធ។