បណ្តាញសង្គម

បេសកជនចិនប្រចាំ UN ព្រមានប្រឆាំងការដាក់ទណ្ឌកម្មបន្ថែម លើកូរ៉េខាងជើង

  (យូអិន)៖ លោក ចាង ជុន (Zhang Jun) តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញមុខព្រមានប្រឆាំងនឹង ការប៉ុនប៉ងដាក់ទណ្ឌកម្មជាបន្តបន្ទាប់បន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ លោក Zhang បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «សេចក្តីព្រាងដំណោះស្រាយថ្មី ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក គឺផ្តោតចំពោះការទម្លាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ដែលមិនមែនជាមធ្យោបាយសមស្រប ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន នៅឧបទ្វីបកូរ៉េនោះទេ»។

លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា «ការឱ្យតម្លៃទណ្ឌកម្មស្មើទៅនឹង ឬមួយយកវាជំនួសកិច្ចប្រឹងប្រែងការទូតតែម្តងនោះ គឺប្រៀបដូចជាយករទេះឱ្យដឹកសេះវិញយ៉ាងដូច្នោះ ដែលនឹងមិនសម្រេចបានលទ្ធផលដូចការចង់បានឡើយ។

ទោះបីជាជាក់ស្តែង ការដាក់ទណ្ឌកម្មកន្លងមកនេះ បានបង្ហាញឱ្យឃើញពីផលប៉ះពាល់ផ្នែកមនុស្សធម៌ និងការខាតបង់ដោយប្រយោលផ្សេងៗទៀត ចំពោះប្រទេសដទៃយ៉ាងណាក្តី ក៏បណ្តាប្រទេសពាក់ព័ន្ធ នៅតែមិនទាន់ព្រមទទួលស្គាល់ ចំពោះការពិតទាំងនេះ»។

លោក Zhang បានសង្កត់ជាចុងក្រោយថា ក្នុងនាមជាអ្នកជិតខាង ចិនខ្វល់ខ្វាយជានិច្ច អំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយតែងតែទទូចឱ្យគ្រប់គ្នាព្យាយាមថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងដោះស្រាយបញ្ហានានា តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់គ្នា ដោយសន្តិវិធី៕

ដកស្រង់ពី៖ Fresh News