បណ្តាញសង្គម

ប្រទេសឡាវ អាចប្រឈមនឹង "ចន្លោះប្រហោង" ក្នុងការផ្គត់ផ្គង់ប្រេងសាំង ខណះតម្លៃកើនឡើង

ការផ្គត់ផ្គង់ប្រេងសាំងនៅក្នុងប្រទេសឡាវ អាចនឹងប្រឈមមុខនឹង "ចន្លោះប្រហោងខ្លះ" នេះបើតាមអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋាភិបាល បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយការឡើងថ្លៃ និងការភ័យស្លន់ស្លោទិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើន ត្រូវបានបិទកាលពីសប្តាហ៍មុន ដោយបង្ខំឱ្យអ្នកប្រើប្រាស់តម្រង់ជួរជាច្រើនម៉ោង ដើម្បីចាក់បំពេញប្រេង។

ប្រទេសឡាវ ពឹងផ្អែកលើការនាំចូលពីប្រទេសថៃ-ជិតខាង សម្រាប់ប្រេងភាគច្រើនរបស់ខ្លួន។ ក្រុមហ៊ុនប្រេង និងឧស្ម័នថៃ PTT ដែលប្រតិបត្តិការស្ថានីយ៍ប្រេងឥន្ធនៈចំនួន 53 កន្លែង នៅក្នុងប្រទេសឡាវ បាននិយាយថា ខ្លួន គ្រោងនឹងចែកចាយប្រេងឥន្ធនៈដូចធម្មតា ប៉ុន្តែវាអាចមាន "ចន្លោះប្រហោង" ខ្លះ។

ជាមួយនឹងចំនួនប្រជាជនជាង 7 លាននាក់ ប្រទេសឡាវ ដែលគ្មានព្រំដែនសមុទ្រ គឺជាប្រទេសក្រីក្របំផុតមួយនៅក្នុងតំបន់ ហើយកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ 4 % រហូតដល់ឆ្នាំ 2025 ។ បញ្ហារូបិយប័ណ្ណ គីប ធ្លាក់ចុះ អតិផរណាខ្ពស់ និងទីផ្សារប្រេងពិភពលោក មិនស្ថិតស្ថេរ កំពុងធ្វើឱ្យមានការលំបាកសម្រាប់អ្នកនាំចូលឥន្ធនៈ ដើម្បីបំពេញតម្រូវការសាធារណៈ នេះបើតាមកាសែតវៀងចន្ទ Times ផ្សាយកាលពីសប្តាហ៍មុន។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលឡាវកាលពីថ្ងៃសុក្រ បាននិយាយបន្ធូរបន្ថយស្ថានការណ៍ថា វាមិនមែនជាវិបត្តិធំដុំនោះទេ ប៉ុន្តែបានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយបានស្នើឱ្យសាធារណជន កុំភ័យស្លន់ស្លោ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។