បណ្តាញសង្គម

ទាហានរុស្ស៊ី ត្រូវជាប់គុកមួយជីវិតក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងនៃសង្រ្គាមអ៊ុយក្រែន

 តុលាការអ៊ុយក្រែន បានកាត់ទោសទាហានរុស្ស៊ីម្នាក់ ឱ្យជាប់គុកអស់មួយជីវិត កាលពីថ្ងៃចន្ទ (២៣ ឧសភា) ពីបទសម្លាប់ជនស៊ីវិល ដែលគ្មានអាវុធ នៅក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូង ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី។

Vadim Shishimarin ជាមេបញ្ជាការរថក្រោះ អាយុ 21 ឆ្នាំ បានសារភាពថា មានកំហុសក្នុងការសម្លាប់ឈ្មោះ Oleksandr Shelipov អាយុ 62 ឆ្នាំនៅក្នុងភូមិ Chupakhivka ភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 28 ខែកុម្ភៈ ពោលគឺរយះពេល 4 ថ្ងៃ បន្ទាប់ពីការលុកលុយ។

Shishimarin ពាក់អាវរងាមានគ្របក្បាលពណ៌ខៀវ និងប្រផេះ បានមើលកិច្ចដំណើរការនីតិវិធីដោយស្ងៀមស្ងាត់ពីប្រអប់កញ្ចក់ការពារនៅក្នុងបន្ទប់សវនាការ ហើយមិនមានអារម្មណ៍រំជើបរំជួល នៅពេលសាលក្រម ត្រូវបានអាន។

សវនាការ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន មានសារៈសំខាន់ជានិមិត្តរូបយ៉ាងធំសម្រាប់ប្រទេសអ៊ុយក្រែន ហើយមេធាវីអន្តរជាតិ បានប្រាប់ Reuters ថា វាអាចជាការលើកដំបូងក្នុងចំណោមមនុស្សជាច្រើនរូប។

ទីក្រុង Kyiv បានចោទប្រកាន់រុស្ស៊ីពីអំពើឃោរឃៅ និងសាហាវប្រឆាំងនឹងជនស៊ីវិល ក្នុងអំឡុងពេលការលុកលុយ ហើយបាននិយាយថា ខ្លួន បានកំណត់អត្តសញ្ញាណឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានជាង 10,000ករណី ។ រុស្ស៊ី បានបដិសេធការកំណត់គោលដៅជនស៊ីវិល ឬការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្រ្គាម ខណៈដែលខ្លួន អនុវត្តអ្វីដែលខ្លួនហៅថាជា "ប្រតិបត្តិការយោធាពិសេស" នៅក្នុងប្រទេសអ៊ុយក្រែន។

វិមានក្រឹមឡាំង មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសាលក្រមនេះទេ ហើយធ្លាប់បាននិយាយថាខ្លួន មិនមានព័ត៌មានអំពីការកាត់ក្តី ហើយថា អវត្តមាននៃបេសកកម្មការទូតនៅអ៊ុយក្រែន បានរឹតត្បិតសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ជំនួយ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។