បណ្តាញសង្គម

កូរ៉េខាងជើង ពិភាក្សាគ្នាលើការកែប្រែវិធានការទប់ស្កាត់ COVID-19

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា មន្ត្រីកំពូលកូរ៉េខាងជើង បានពិភាក្សាគ្នាលើការកែសម្រួលការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាល កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 29 ឧសភា) ខណៈដែលពួកគេបានវាយតម្លៃស្ថានភាពជុំវិញការផ្ទុះឡើងនៃ COVID-19 លើកដំបូងរបស់ប្រទេសខ្លួនថា "មានភាពប្រសើរឡើង" ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា កិច្ចប្រជុំការិយាល័យនយោបាយ ដែលដឹកនាំដោយមេដឹកនាំគីម ជុងអ៊ុន "បានធ្វើការវាយតម្លៃជាវិជ្ជមានអំពីស្ថានភាពជំងឺរាតត្បាត ដែលកំពុងត្រូវបានគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងនៅទូទាំងប្រទេស ហើយពិភាក្សាអំពីបញ្ហានៃការបន្តស្ថិរភាព និងការកែលម្អស្ថានភាពប្រឆាំងការរីករាលដាលជារួម" ។

ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មីក្នុងចំណោមអ្នកជំងឺគ្រុនក្តៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានោះទេ ហើយបាននិយាយថា មនុស្ស 89,500 នាក់ទៀត បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃអាទិត្យ។ ចំនួននេះ គឺធ្លាក់ចុះពីជិត 400,000 នាក់ ប្រហែល 11 ថ្ងៃមុន។

ប្រទេសឯកោមួយនេះ បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងរលក COVID-19 ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីបានប្រកាសស្ថានភាពអាសន្ន និងដាក់ការបិទទូទាំងប្រទេសក្នុងខែនេះ ដោយបង្កឱ្យមានការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារ។

កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវិធានការប្រឆាំងនឹងការរីករាលដាល កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេសកូរ៉េខាងជើង រួមទាំងការប្រមូលទឹកភ្លៀង ការពិនិត្យមើលថ្នាំ ដែលធន់នឹងមេរោគ និងការបង្កើតកន្លែងធ្វើចត្តាឡីស័កផងដែរ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអាទិត្យ។