បណ្តាញសង្គម

អ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ ជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់រួម

 អ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត UAE កាលពីថ្ងៃអង្គារ (31 ឧសភា) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំលើកដំបូងរបស់ខ្លួនជាមួយរដ្ឋអារ៉ាប់មួយ និងជាការផ្លាស់ប្តូរមួយ មានបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសមជ្ឈិមបូព៌ាទាំងពីរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងឌូបៃ បន្ទាប់ពីការចរចាជាច្រើនខែ។ ប្រធានក្រុមប្រឹក្សាធុរកិច្ច UAE-Israel លោក Dorian Barak បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំណត់អត្រាពន្ធ ការនាំចូល និងកម្មសិទ្ធិបញ្ញា ដែលនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនអ៊ីស្រាអែលកាន់តែច្រើន ឲ្យបង្កើតការិយាល័យខ្លួននៅក្នុង UAE ជាពិសេសនៅទីក្រុងឌូបៃ។

ក្រុមប្រឹក្សានេះ ព្យាករណ៍ថា នឹងមានក្រុមហ៊ុនអ៊ីស្រាអែលជិត 1,000 ដែលធ្វើការនៅក្នុង ឬតាមរយៈ UAE នៅចុងឆ្នាំនេះ មកធ្វើអាជីវកម្មជាមួយអាស៊ីខាងត្បូង ចុងបូព៌ា និងមជ្ឈឹមបូព៌ា។ មុនការចុះហត្ថលេខា ក្រសួងសេដ្ឋកិច្ចរបស់អ៊ីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងដកពន្ធលើម្ហូបអាហារ កសិកម្ម គ្រឿងសម្អាង ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ចំពេលមានអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកាន់តែខ្លាំង។ សម្រាប់ UAE ដែលសម្បូរប្រេង កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីររបស់ខ្លួន បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយឥណ្ឌាកាលពីខែកុម្ភៈ។

ខ្លួន ក៏កំពុងនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត រួមទាំងប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងផងដែរ។

អ៊ីស្រាអែល និង UAE បានបង្កើតទំនាក់ទំនងរវាងគ្នា និងគ្នានៅក្នុងខែកញ្ញា ឆ្នាំ 2020 នៅក្នុងកិច្ចព្រមព្រៀងដែលឈ្មួញកណ្តាលដោយសហរដ្ឋអាមេរិក ដែលបានបំបែកគោលនយោបាយអារ៉ាប់ជាច្រើនទសវត្សរ៍ ដែលបានអំពាវនាវឱ្យមានរដ្ឋប៉ាឡេស្ទីន មុនពេលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នេះបើតាមការផ្សាយរបស់ Reuters ។