បណ្តាញសង្គម

អ៊ុយក្រែន នឹងទទួលបានមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងរថក្រោះពីអេស្ប៉ាញ

(ម៉ាឌ្រីដ)៖ ប្រទេសអេស្ប៉ាញ នឹងបញ្ជូនមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងរថក្រោះឡេអូប៉ាដ (Leopard) ឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃបង្កើន ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ដល់ទីក្រុងកៀវ ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងនឹងទាហានរុស្ស៉ី។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។ សារព័ត៌មាន អែល ប៉ាអ៉ីស (El Pais) ធ្វើសេចក្ដីរាយការណ៍ខាងលើ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីប្រភពនៅក្នុងជួររដ្ឋាភិបាលអេស្ប៉ាញ។

បើតាម El Pais អេស្ប៉ាញក៏នឹងផ្ដល់ផងដែរនូវការបណ្ដុះបណ្ដាលពិសេសដល់យោធាអ៊ុយក្រែន ពីរបៀប ប្រើរថក្រោះឡេអូប៉ាដ (Leopard) ខណៈក្រសួងការពារជាតិអេស្ប៉ាញ សម្រេចចិត្តចុងក្រោយក្នុងការប្រគល់មីស៊ីលប្រឆាំងយន្ដហោះចម្បាំង សូរ៉ាដ អាស្ប៉ាយ (Shorad Aspide) ដល់ទីក្រុងកៀវ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន El Pais ការបណ្ដុះបណ្ដាលយោធាអ៊ុយក្រែន ពីរបៀបប្រើអាវុធខាងលើ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឡេតូនី ជាទីដែលទាហានអេស្ប៉ាញ ៥០០នាក់ កំពុងឈរជើង ក្រោមក្របខណ្ឌណាតូ ហើយការបណ្ដុះបណ្ដាលដំណាក់កាលទី២ នឹងធ្វើឡើងនៅក្នុង ប្រទេសអេស្ប៉ាញ៕

ដកស្រង់ពី៖ Fresh News