បណ្តាញសង្គម

សហរដ្ឋអាមេរិក ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

 (សេអ៊ូល)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) នៅថ្ងៃអង្គារនេះបាននិយាយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងពិភពលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។ លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង (Cho Hyun-dong) ក្នុងទីក្រុងសេអ៊ូល។

ថ្លែងនាឱកាសនោះ លោកស្រី Sherman បានគូសបញ្ជាក់ដូច្នេះថា «រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដែលនឹងបំពានលើ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងត្រូវទទួលការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយខ្ញុំជឿជាក់ថាមិនមែនត្រឹមតែកូរ៉េខាងត្បូង អាមេរិក និងជប៉ុនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលនឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយ៉ាងច្បាស់ៗ»។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថាកូរ៉េខាងជើងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅឯរោងចក្រនុយក្លេអ៊ែរ យ៉ុងប៊ីយុន (Yongbyon) នៅចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពី ឆ្នាំ២០១៧មក៕

ដកស្រង់ពី៖ Fresh News