បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីល១ប្រាវ ដែលកូរ៉េខាងត្បូងថា ជាការសាកល្បងរដ្ឋាភិបាលថ្មី

 កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨ គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរ ភាគខាងកើតរបស់ខ្លួន ដែលទំនងជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួនតែមួយគត់ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមគ្នា។

ការបាញ់នេះ ក៏ធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចទៅទីក្រុងសេអ៊ូលរបស់លោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិក ដែលបានចាកចេញដំណើរ កាលពីថ្ងៃសៅរ៍។ សមយុទ្ធទ្វេភាគី មានការចូលរួមដោយនាវាផ្ទុកយន្តហោះអាមេរិកជាលើកដំបូង ក្នុងរយៈពេលជាងបួនឆ្នាំមកនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលយ៉ាងហោចណាស់ចំនួន ៨ គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Sunan នៃរដ្ឋធានី Pyongyang របស់កូរ៉េខាងជើង ហើយពួកគេ បានហោះក្នុងរយៈចម្ងាយពី ១០០ គីឡូម៉ែត្រ ទៅ ៦០០ គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ពី ២៥ គីឡូម៉ែត្រទៅ ៩០ គីឡូម៉ែត្រ។

ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ហើយបានបញ្ជាឱ្យ "ការទប់ស្កាត់ដ៏ទូលាយនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងបន្តពង្រឹងជំហរការពារជាតិរួបរួម" ។

ការិយាល័យប្រធានាធិបតី បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កិច្ចប្រជុំ NSC បានសន្និដ្ឋានថា ការបាញ់កាំជ្រួចនេះ គឺជា "ការសាកល្បង និងការប្រឈម" របស់កូរ៉េខាងជើង ចំពោះការត្រៀមលក្ខណៈសន្តិសុខនៃរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង ដែលទើបបានចូលកាន់តំណែងកាលពីខែមុន នេះបើតាមការផ្សាយរបស់ Reuters ។