បណ្តាញសង្គម

អាមេរិក និងកូរ៉េខាងត្បូង ហោះហើរយន្តហោះចម្បាំង ក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

 រដ្ឋធានីសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ ពីលើដែនទឹកជុំវិញឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារនៅក្នុងការបង្ហាញកម្លាំងថ្មី បន្ទាប់ពីការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះ ដោយកូរ៉េខាងជើង។

យន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួន 16 គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះ F-16 របស់សហរដ្ឋអាមេរិកចំនួន 4 គ្រឿង បានបង្កើតក្រុមវាយប្រហារលើសមុទ្រខាងលិច ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រលឿង ដើម្បី "ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់សត្រូវ" នេះបើតាមអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សម្ព័ន្ធមិត្តពីរនេះ "បានបង្ហាញពីសមត្ថភាព និងឆន្ទៈដ៏ខ្លាំងក្លារបស់ពួកគេ ក្នុងការវាយប្រហារយ៉ាងរហ័ស និងត្រឹមត្រូវប្រឆាំងនឹងការបង្កហេតុណាមួយពីកូរ៉េខាងជើង"។ សមយុទ្ធដែនអាកាស ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងប្រហែល 20 គ្រឿងនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ បានបាញ់មីស៊ីលផ្លោងចំនួន 8 គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន បន្ទាប់ពីការធ្វើតេស្តអាវុធ កាលពីថ្ងៃអាទិត្យរបស់ទីក្រុងព្យុងយ៉ាង។

ក្រុមអ្នកវិភាគ បាននិយាយថា កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនប្រាំបីពីទីតាំងផ្សេងគ្នាក្នុងរយៈពេល 30 នាទី ដែលជាការសាកល្បងដ៏ធំបំផុត មិនធ្លាប់មានពីមុនមក។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ធ្លាប់បានព្រមានជាច្រើនសប្តាហ៍ថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរថ្មី។

សមយុទ្ធដែនអាកាសកាលពីថ្ងៃអង្គារ គឺជាការបង្ហាញកម្លាំងរួមគ្នាលើកទីបីដោយសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី Yoon Suk-yeol ដែលបានប្តេជ្ញាជំហរតឹងរ៉ឹងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នេះបើតាមការផ្សាយរបស់ AFP ។