បណ្តាញសង្គម

ទាហានស្រីលង្កា បើកការបាញ់ប្រហារដើម្បីទប់ស្កាត់កុបកម្មប្រេងឥន្ធនះ

 ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 19 ខែមិថុនា) ថា យោធារបស់ប្រទេសស្រីលង្កាបានបើកការបាញ់ប្រហារ ដើម្បីទប់ស្កាត់ការបះបោរនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ) ខណៈដែលការតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដែលមិនធ្លាប់មានពីមុនមក ត្រូវបានគេឃើញនៅទូទាំងប្រទេស ដែលក្ស័យធនមួយនេះ។

អ្នកនាំពាក្យកងទ័ព បាននិយាយប្រាប់ AFP ថា កងទ័ព បានបាញ់នៅ Visuvamadu ចម្ងាយ 365 គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Colombo កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលចំណុចយាមរបស់ពួកគេ ត្រូវបានមនុស្ស១ក្រុម ប្រហែល ២០ ទៅ៣០នាក់ គប់ដោយថ្ម ហើយឡានយោធា១គ្រឿង ត្រូវបានខូចខាត។

ប៉ូលិស បាននិយាយថា ជនស៊ីវិល៤នាក់ និងទាហានបីនាក់ បានរងរបួស នៅពេលដែលកងទ័ពបានបើកការបាញ់ប្រហារជាលើកដំបូង ដើម្បីបំបាត់ភាពចលាចល ដែលទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់។ នៅពេលដែលម៉ាស៊ីនបូម អស់សាំង អ្នកបើកម៉ូតូ បានចាប់ផ្តើមតវ៉ា ហើយស្ថានការណ៍កាន់តែកើនឡើង ទៅជាការប៉ះទង្គិចជាមួយទាហាន។

ប៉ូលិស និងទាហានប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ដើម្បីយាមស្ថានីយ៍ប្រេងឥន្ធនៈ។ ប្រទេសស្រីលង្កា កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យ ដោយប្រទេសនេះ មិនអាចស្វែងរកប្រាក់ដុល្លារ ដើម្បីនាំចូលសម្ភារៈសំខាន់ៗ រួមទាំងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។

ប្រទេសនេះ ក៏កំពុងប្រឈមមុខនឹងអតិផរណាខ្ពស់បំផុត និងការដាច់ចរន្តអគ្គិសនីរយៈពេលវែង ដែលទាំងអស់នេះ បានរួមចំណែកដល់ការតវ៉ាជាច្រើនខែ រហូតមកទល់ពេលនេះ។

ថ្មីៗនេះរដ្ឋាភិបាល បានប្រកាសបិទស្ថាប័នរដ្ឋ និងសាលារៀនរយៈពេលពីរសប្តាហ៍ ក្នុងគោលបំណងកាត់បន្ថយការធ្វើដំណើរ និងរក្សាការស្តុកទុកប្រេងឥន្ធនៈ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអាទិត្យ។