បណ្តាញសង្គម

ចៅប្រុសរបស់មហាត្មៈ គន្ធី ចាកចេញពីការប្រជែងតំណែងប្រធានាធិបតីឥណ្ឌា

ចៅប្រុសរបស់មេដឹកនាំឯករាជ្យឥណ្ឌា លោក មហាត្មៈ គន្ធី បានធ្លាក់ចេញពីការប្រជែងតំណែងជាប្រធានាធិបតី បន្ទាប់ពីឈ្មោះរបស់លោក ត្រូវបានស្នើឡើងដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំង។

លោក Gopalkrishna Gandhi អាយុ 77 ឆ្នាំ ជាអ្នកការទូតម្នាក់ ដែលប្រែក្លាយទៅជាអ្នកនយោបាយ បាននិយាយថា លោក បានបដិសេធសំណើរបស់សម្ព័ន្ធភាព 17 គណបក្ស ដើម្បីក្លាយជាបេក្ខភាពរបស់ពួកគេ សម្រាប់តួនាទីពិធីដ៏ធំ។

សមាជិកសភាជាតិ និងរដ្ឋ គ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៨ ខែកក្កដា។ ប្រមុខរដ្ឋឥណ្ឌា ទទួលបានអំណាចតាមរដ្ឋធម្មនុញ្ញមួយចំនួន ប៉ុន្តែភាគច្រើនធ្វើសកម្មភាពតាមការណែនាំរបស់រដ្ឋាភិបាល ដែលធ្វើឱ្យតំណែងនេះ មានតែនាមកាន់តែច្រើនជាងមុន។

លោក Gandhi ដែលជាអភិបាលរដ្ឋ West Bengal ចន្លោះឆ្នាំ 2004 និង 2009 បន្ទាប់ពីត្រូវបានតែងតាំងដោយគណបក្ស Congress ដែលកាន់អំណាចនៅពេលនោះ បានឈរឈ្មោះប្រជែងតំណែងជាអនុប្រធានាធិបតី នៅឆ្នាំ 2017 ប៉ុន្តែបានចាញ់បេក្ខជនគណបក្ស BJP របស់លោកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន Narendra Modi ។

លោក Gandhi គឺជាមនុស្សទីបី ដែលបដិសេធការផ្តល់ជូនដោយគណបក្សប្រឆាំង ដើម្បីធ្វើជាបេក្ខជនរបស់ពួកគេ។

សូមបញ្ជាក់ផងដែរថា ត្រកូល Gandhi នៃអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើឃាត Indira និង Rajiv Gandhi និង ឥស្សរជនប្រឆាំងនាពេលបច្ចុប្បន្ន Rahul Gandhi គឺកើតចេញពីនាយករដ្ឋមន្ត្រីទីមួយរបស់ឥណ្ឌា Jawaharlal Nehru ហើយមិនមែនមកពី Mahatma Gandhi ទេ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអង្គារ។