បណ្តាញសង្គម

រញ្ជួយដី វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

អនុរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធទី 22 មិថុនាថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ នៅក្នុងប្រទេស បានកើនឡើងដល់យ៉ាងហោចណាស់ 920 នាក់ ហើយនិង៦០០នាក់ រងរបួស។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGC) បាននិយាយថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារចម្ងាយប្រហែល 44 គីឡូម៉ែត្រពីទីក្រុង Khost ជិតព្រំដែនប៉ាគីស្ថាន។ ភាគច្រើននៃការស្លាប់ដែលបានបញ្ជាក់ គឺនៅក្នុងខេត្ត Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដែលមានមនុស្សចំនួន 255 នាក់ បានស្លាប់ និងជាង 200 នាក់ បានរងរបួស។

មន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ទំនងជាកើនឡើង ដោយសារភូមិមួយចំនួនស្ថិតនៅតំបន់ដាច់ស្រយាលនៅលើភ្នំ ហើយត្រូវការចំណាយពេលខ្លះ ដើម្បីប្រមូលព័ត៌មានលម្អិត។ អាជ្ញាធរអាហ្វហ្កានីស្ថាន បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ ហើយឧទ្ធម្ភាគចក្រ កំពុងត្រូវបានប្រើប្រាស់ ដើម្បីទៅដល់អ្នករបួស និងផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងអាហារ។

សូមបញ្ជាក់ផងដែរថា មនុស្សប្រហែល 119 លាននាក់នៅក្នុងប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងឥណ្ឌា បានទទួលរំញ័រនេះ។ប៉ុន្តែមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសនៅប៉ាគីស្ថានទេ។

គ្រោះមហន្តរាយដ៏អាក្រក់នេះ កើតឡើង នៅពេលដែលប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងស៊ូទ្រាំនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ចាប់តាំងពីក្រុមតាលីបង់ បានចូលកាន់តំណែងកាលពីខែសីហា ខណៈដែលកងកម្លាំងអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញបន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីយប់ថ្ងៃពុធ។