បណ្តាញសង្គម

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

 រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទ បានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃចន្ទ។

ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក Wang បានលើកឡើងថា ប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងស្ថិតក្រោមសម្ពាធ ឱ្យជ្រើសរើសយកជម្រើសម្ខាងៗ ខណៈតំបន់ នេះកំពុងស្ថិតក្នុងហានិភ័យនៃការប្រែប្រួល ដោយសារតែកត្តានយោបាយ។

ប្រមុខការទូតចិនរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកយើង គួរតែការពារតំបន់នេះ ពីការគណនាផ្នែកភូមិសាស្រ្តនយោបាយ... ពីការក្លាយខ្លួនជាកូនអុក ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់ ដើម្បីប្រកួតប្រជែងឥទ្ធិពលគ្នា និងពីការបង្ខិតបង្ខំ។

អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់ពួកយើងផ្ទាល់»។ គួរបញ្ជាក់ថា វត្តមានរបស់លោក Wang Yi នៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានប្រព្រឹត្តទៅនៅកោះបាលី កាលពីសប្តាហ៍មុន។