បណ្តាញសង្គម

រុស្ស៉ី កំពុងត្រៀមបើកការវាយលុកដំណាក់កាលថ្មី

មន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា រុស្ស៉ី កំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុក ដំណាក់កាលថ្មីមួយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិ។

រុស្ស៉ី ត្រូវបានគេរាយការណ៍ថា បានបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលលើទីក្រុងជាច្រើនរបស់ អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងបានសម្លាប់ជីវិតប្រជាជនអស់ជាច្រើន។

ជុំវិញការបង្កើនការវាយប្រហារនេះដែរ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា អ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «វាមិនមែនត្រឹមតែជាការវាយប្រហារដោយមីស៊ីលពីអាកាស និងពីនាវាចម្បាំងប៉ុណ្ណោះទេ តែអ្វីដែលយើងកំពុងឃើញនោះគឺ វាជាការវាយប្រហារចេញពី គ្រប់ទិស...ដែលនេះច្បាស់ថាប្រតិបត្តិការវាយលុក (របស់រុស្ស៉ី) កំពុងស្ថិតនៅក្នុងដំណាក់ កាលថ្មី»។

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន កងទ័ពរុស្ស៉ី បាននិងកំពុងប្រមូលកម្លាំងទ័ពឡើងវិញ ដើម្បីវាយលុកលើទីក្រុង Sloviansk ដែលជាទីក្រុងនិមិត្តរូបដ៏សំខាន់មួយគ្រប់គ្រងដោយ អ៊ុយក្រែននៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេស នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។