បណ្តាញសង្គម

ឥណ្ឌា ចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

 ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅទូទាំងប្រទេសឥណ្ឌា ខណៈប្រធានាធិបតីបច្ចុប្បន្ន គឺលោក Ram Nath Kovind នឹងត្រូវផុតអាណត្តិរយៈពេល ៥ឆ្នាំរបស់លោកក្នុងសប្តាហ៍នេះ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌាទី១៥លើកនេះ មិនមែនធ្វើឡើងក្នុងចំណោមប្រជាជនផ្ទាល់ឡើយ គឺក្នុងចំណោមសមាជិកសភាជាតិ និងសមាជិកសភា នៅតាមបណ្តារដ្ឋទាំងអស់នៃប្រទេសឥណ្ឌា ហើយសន្លឹកឆ្នោតរបស់ក្រុមសមាជិកសភានៅតាមរដ្ឋនីមួយៗ ក៏មានតម្លៃខុសគ្នាផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការរាប់សន្លឹកឆ្នោតវិញ គឺត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា។ បេក្ខជនរបស់សម្ព័ន្ធគណបក្ស NDA ដែលកំពុងកាន់អំណាច គឺលោកស្រី Droupadi Murmu ត្រូវគេរំពឹងថា នឹងទទួលជ័យជម្នះក្នុងការបោះឆ្នោត លើបេក្ខជនរបស់ក្រុមបក្សប្រឆាំង គឺលោក Yashwant Sinha ដ្បិតគណបក្ស NDA គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា ទាំងជាន់ថ្នាក់នៃសភាជាតិ និងនៅក្នុងសភាតាមបណ្តារដ្ឋជាច្រើន នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ។