បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ចេញដំណើរទៅជប៉ុន ដើម្បីពិភាក្សាបញ្ហាជម្លោះប្រវត្តិសាស្រ្ត

 រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin កាលពីថ្ងៃចន្ទ បានធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសជប៉ុន ដោយនាំយកទៅជាមួយនូវសារនៃការផ្សះផ្សាគ្នាពីប្រធានាធិបតីថ្មីរបស់កូរ៉េ ខាងត្បូង គឺលោក Yoon Suk-yul ដែលមានក្តីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាវិវាទប្រវត្តិ សាស្រ្ត និងស្តារទំនាក់ទំនងឱ្យប្រសើរឡើងជាមួយទីក្រុងតូក្យូ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់រាជធានីតូក្យូរបស់ជប៉ុន គិតចាប់តាំងពីលោក Yoon បានឡើងកាន់អំណាច កាលពីខែឧសភា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ លោក Park បាននិយាយថា លោកប្រធានាធិបតី Yoon មានឆន្ទៈយ៉ាងរឹងមាំ ដើម្បីលើកកម្ពស់ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ដែលមានសម្ព័ន្ធភាពដាច់ដោយឡែកជាមួយប្រទេសទាំងពីរ ក៏បាននិងកំពុងជំរុញឱ្យកូរ៉េខាងត្បូង និងជប៉ុន ផ្សះផ្សាទំនាក់ទំនងផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការ នឹងកាន់តែប្រសើរឡើងលើបញ្ហាផ្សេងៗ ជាពិសេសកូរ៉េខាងជើង និងចិន។

គួរបញ្ជាក់ថា ដោយសារតែបញ្ហាទាក់ទងនឹងការដាក់អាណានិគមរបស់ជប៉ុន កាលឆ្នាំ១៩១០-១៩៤៥ លើឧបទ្វីបកូរ៉េ បានបន្តធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងស៊េអូល និងទីក្រុងតូក្យូ នៅតែ ស្ថិតក្នុងភាពតានតឹង រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមទាំងការទាមទារសំណងពីប្រជាជនកូរ៉េខាងត្បូង ជុំវិញបញ្ហាបង្ខិតបង្ខំឱ្យធ្វើពលកម្មក្នុងសម័យសង្រ្គាម និងការចាប់បង្ខំស្រី្តកូរ៉េ ឱ្យក្លាយជាស្រ្តីបម្រើផ្លូវភេទសម្រាប់យោធាជប៉ុន ជាដើម នេះបើតាមការផ្សាយរបស់ Reuters ។