បណ្តាញសង្គម

ប្រធានាធិបតីស្តីទីស្រីលង្កា លោក Ranil Wickremesinghe ជាប់ឆ្នោត ជាប្រធានាធិបតីពេញសិទ្ធិ

 លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃពុធ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe គឺជាអ្នកទទួលបានជ័យជម្នះ និងក្លាយជាប្រធានាធិបតីពេញសិទ្ធិរហូតដល់ឆ្នាំ ២០២៤។

ក្រោយការរាប់សន្លឹកឆ្នោត បានបញ្ចប់ទៅ លទ្ធផលបានបង្ហាញថា លោក Wickremesinghe ទទួលបានការគាំទ្រចំនួន ១៣៤សំឡេង លើគូប្រជែងធំៗរបស់លោក។ ជ័យជម្នះខាងលើរបស់លោក Wickremesinghe ត្រូវគេមើលឃើញថា ទំនងជានឹងនាំទៅរក ការកើតមានបាតុកម្មជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសស្រីលង្កា ដ្បិតប្រជាជនភាគច្រើន មិនគាំទ្ររូបលោកឡើយ។

ក្រុមបាតុករស្រីលង្កា បានចាត់ទុកលោក Wickremesinghe ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ដែលពួកគេបន្ទោសថា គឺជាទទួលខុសត្រូវចំពោះការដែលធ្វើឱ្យប្រទេសដីកោះមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏សែនជ្រៅ។

គួរបញ្ជាក់ថា លោក Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីដល់ទៅ៦លើក និងបានក្លាយជាប្រធានាធិបតីស្តីទី កាលពីសប្តាហ៍មុន ក្រោយលោក Rajapaksa រត់ភៀសខ្លួនចេញពីប្រទេស ទៅកាន់ប្រទេសសិង្ហបុរី ហើយលាលែងពីតំណែង តាមការទាមទាររបស់ក្រុមបាតុករស្រីលង្ការាប់ម៉ឺននាក់ នេះបើតាមការផ្សាយរបស់ Channel News Asia សឹង្ហបុរី កាលពីយប់ថ្ងៃពុធ។