បណ្តាញសង្គម

តំបន់ភាគនិរតីប្រទេសចិន កំពុងប្រឈមនឹងភ្លើងឆេះព្រៃ ខណៈអាកាសធាតុក្តៅខ្លាំង អាចនឹងថមថយនៅសប្តាហ៍ក្រោយ

 តំបន់ Chonqging និងតំបន់ Sichuan ដែលស្ថិតនៅភាគនិរតីប្រទេសចិន កំពុងទប់ទល់ នឹងភ្លើងឆេះព្រៃ កាលពីថ្ងៃអង្គារ ខណៈដែលសីតុណ្ហភាពក្តៅខ្លាំង រំពឹងនឹងថយចុះដោយសារភ្លៀងធ្លាក់នាសប្តាហ៍ក្រោយ។

ទីក្រុង Chongqing និង Sichuan ជាកន្លែង ដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតាប្រមាណ ៨០% ត្រូវប្រឈមនឹងភ្លើងឆេះព្រៃចំនួន ១៩លើក ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។ អាជ្ញាធរបានបង្កើន «ការជូនដំណឹងពណ៌ក្រហម» កាលពីថ្ងៃអង្គារ ដែលជាស្ថានភាព «គ្រោះថ្នាក់ខ្លាំង» នៅក្នុងតំបន់ព្រៃនៃភាគកណ្តាល, ភាគខាងត្បូងតំបន់ Chongqing និងភាគខាងកើតតំបន់ Sichuan។

មន្រ្តីពន្លត់អគ្គីភ័យរដ្ឋចំនួនជាង ២,៨០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីនោះ ដើម្បីជួយគ្រប់គ្រងស្ថានការណ៍។ ជាមួយគ្នានេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន ក៏បានព្រមានថា ខេត្ត Jiangxi, Hunan និង Guizhou ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ និងវាលស្មៅ ផងដែរ។

គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតរយៈពេលវែង អាចនឹងអូសបន្លាយរហូតដល់ខែក្រោយ ជាមួយនឹងហានិភ័យនៃការប្រមូលផលនារដូវស្លឹកឈើជ្រុះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។