បណ្តាញសង្គម

ឥណ្ឌា បណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញកំហុសបាញ់មីស៊ីល ចូលក្នុងទឹកដីប៉ាគីស្ថាន

 កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៊ីលដោយចៃដន្យចូល ទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បានឲ្យដឹងថា តុលាការ បានបើកស៊ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបានរកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី ៣នាក់ ទើបនាំឲ្យមានការបាញ់មីស៊ីលដោយចៃដន្យនេះ។

ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តីទាំង ៣រូបនេះចេញ កាលពីថ្ងៃអង្គារ។ សូមបញ្ជាក់ថា BrahMos ជាប្រភេទមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ដោយចៃដន្យ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឲ្យប៉ាគីស្ថាន ព្រមាន និងស្វែងរកចម្លើយតបពីទីក្រុងញូដេលី លើយន្តការសុវត្ថិភាព ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី ខណៈមិនមាននរណាម្នាក់រងរបួសនោះទេ នេះបើយោងតាមការផ្សាយរបស់ CNN កាលពីថ្ងៃពុធ។