បណ្តាញសង្គម

ចំនួនមនុស្សស្លាប់កើនដល់ ៣២នាក់ នៅក្នុងការប្រយុទ្ធគ្នាដ៏សាហាវនៅលីប៊ី

 ក្រសួងសុខាភិបាលលីប៊ី បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមប្រឆាំងរបស់ប្រទេស បានកើនដល់ ៣២នាក់ ក្រោយការវាយប្រយុទ្ធគ្នាដ៏សាហាវ បានផ្ទុះឡើងនៅទូទាំងរដ្ឋធានី Tripoli នៃប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ នេះ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។

ការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធខាងលើ គឺកើតមានឡើង រវាងកម្លាំងរដ្ឋាភិបាលរួបរួមជាតិ លីប៊ី (GNU) មានមូលដ្ឋានក្នុងរដ្ឋធានីទ្រីប៉ូលី និងកងកម្លាំង ដែលគាំទ្រដោយសភា មានមូល ដ្ឋាននៅភាគខាងកើត ប្រទេសលីប៊ី។

ការវាយប្រយុទ្ធគ្នានេះដែរ គឺមានគោលដៅក្នុងការដណ្ដើមគ្រប់គ្រងរដ្ឋាភិបាល មានមូលដ្ឋាន ក្នុងរដ្ឋធានី ទី្រប៉ូលី រវាងគូបដិបក្ខទាំង២។ ការវាយប្រយុទ្ធគ្នានេះ ទៀតសោត ក៏កំពុងបង្ក ឱ្យមានការភ័យខ្លាចផងដែរថា អាចរុញប្រទេសលីប៊ី ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី ស្រប ពេលប្រទេសមួយនេះ កំពុងជាប់គាំងខាងនយោបាយ ជុំវិញការរៀបចំការបោះឆ្នោតសកល ដែលត្រូវបានពន្យារពេលជាច្រើនលើកកន្លងមកនេះ នេះបើតាមការផ្សាយរបស់ AFP កាលពីអាទិត្យ។