បណ្តាញសង្គម

នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង

ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រី Pelosi នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាននិងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីប្រធានសភាតំណាងរាស្ត្រ Nancy Pelosi កាលពីដើមខែសីហានេះមក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក រួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអង់គ្លេស និងកាណាដា ជាដើម ម្ដងម្កាលបានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះ តែងតែបង្កឱ្យចិនខឹងសម្បារ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិក ៣នាក់ បានឱ្យដឹងថា នាវាចម្បាំងអាមេរិក USS Chancellorsville) និង USS Antietam បានដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការនេះ កំពុងបន្តធ្វើឡើងនៅឡើយ។

សូមបញ្ជាក់ថា តំបន់ច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រភពដើម នៃភាពតានតឹងផ្នែកយោធារវាងចិន និងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺ បន្ទាប់ពីសាធារណរដ្ឋចិន ឬតៃវ៉ាន់សព្វថ្ងៃ បានបរាជ័យនៅក្នុងសង្រ្គាមស៊ីវិល ក្រោមថ្វីដៃកងទ័ពសារធារណរដ្ឋប្រមានិតចិន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។