បណ្តាញសង្គម

លោក Joe Biden គ្រោងស្នើឱ្យសភាអាមេរិក អនុម័តការលក់អាវុធទំហំ ១.១ពាន់លានដុល្លារ ឱ្យតៃវ៉ាន់

 លោកប្រធានាធិបតី Joe Biden មានផែនការស្នើសុំឱ្យសភា Congress របស់សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំង មីស៊ីលប្រឆាំងនាវាចម្បាំង ៦០ដើម និងមីស៊ីលបំពាក់លើយន្ដហោះចម្បាំង ១០០ដើម។

ដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ សារព័ត៌មាន Politico បានឱ្យដឹងទៀតថា កញ្ចប់អាវុធខាងលើ ដែលកំពុងស្ថិតនៅក្នុង ដំណាក់ដំបូងនៅឡើយ រួមមានមីស៊ីល Harpoon ៦០ដើម មានតម្លៃ ៣៥៥លានដុល្លារ មីស៊ីលបំពាក់លើយន្ដហោះចម្បាំង Sidewinder ១០០ដើម មានតម្លៃ ៨៥.៦លានដុល្លារ និង ប្រព័ន្ធរ៉ាដាស៊ើបការណ៍មួយគ្រឿងក្នុងតម្លៃ ៦៥៥.៤លានដុល្លារ។

បើតាមប្រភពដដែល មីស៊ីល Sidewinder នឹងត្រូវបានប្រើប្រាស់សម្រាប់ការបំពាក់លើយន្ដហោះចម្បាំង F-16 របស់ តៃវ៉ាន់។

សូមបញ្ជាក់ថា ផែនការលក់អាវុធខាងលើ កើតមានឡើង ចំពេលភាពតានតឹងក្នុងតំបន់ច្រក សមុទ្រតៃវ៉ាន់ ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi បំពេញ ទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហាមក ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ សហរដ្ឋ អាមេរិក ក៏បានអះអាងដែរថា ខ្លួន បានបញ្ជូននាវាចម្បាំង២គ្រឿង ឱ្យធ្វើដំណើរឆ្លងកាត់តាម តំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយកាន់តែបង្កភាពក្ដៅក្រហាយដល់ចិន ដែលតែងតែងចាត់ទុក កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន នេះបើតាមការផ្សាយរបស់ Reuters ។