បណ្តាញសង្គម

យោធាអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរតំបន់ព្រំដែនអន្តរកូរ៉េ

 កងកម្លាំងចម្រុះនៃកងទ័ពកូរ៉េខាងត្បូង និងទាហានអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងលក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ ដែលមានចម្ងាយប្រហែល ៣២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកូរ៉េខាងជើងជាមួយនឹងការបាញ់កាំភ្លើងធំ, រថក្រោះ និងអាវុធផ្សេងទៀត ដែលត្រូវបានគេមើលឃើញថា ជាការហាត់សមធ្វើសង្រ្គាម។

សកម្មភាពលំហាត់យោធាខាងលើ ធ្វើឡើងកំលុងការត្រៀមបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំ រវាងសម្ព័ន្ធមិត្តទាំងពីរ ដែលបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទសប្តាហ៍មុនមក ហើយត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃព្រហស្បតិ៍នេះ។

កំលុងការហាត់សមកាលពីថ្ងៃពុធ ដែលបានប្រព្រឹត្តទៅក្នុងទីក្រុង Pocheon ក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង គឺរួមមានការបាញ់គ្រាប់ពិតចេញពីការភ្លើងធំ Howitzer, រថក្រោះ, កាំភ្លើងយន្ត ក៏ដូចជាកាំភ្លើងត្បាល់ជាដើម របស់អាមេរិក និងកូរ៉េខាងត្បូង។

ចំណែកយន្តហោះចម្បាំង A-10 និងឧទ្ធម្ភាគចក្រ Apache ក៏បានចូលរួមផងដែរ។ សូមបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំជាច្រើន រវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ត្រូវបានលុបចោលចាប់តាំងពីឆ្នាំ២០១៨ គ្រាដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ក្រោយមកបញ្ហាជំងឺកូវីដ-១៩ បានបង្កការរំខានដល់ការហ្វឹកហាត់បន្ថែមទៀត នេះបើតាមការផ្សាយរបស់ Reuters ។