បណ្តាញសង្គម

នាយករដ្ឋមន្រ្តីតៃវ៉ាន់៖ «ការបាញ់ទម្លាក់ដ្រូន នៅដែនកោះក្បែរប្រទេសចិន គឺជារឿងដ៏សមស្របបំផុត»

 (តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេងចាង (Su Tseng-chang) នាថ្ងៃសុក្រនេះ បាននិយាយថា ការបាញ់ទម្លាក់ដ្រូនស៉ីវិល ១គ្រឿងនៅក្បែរប្រទេសចិន បន្ទាប់ពីវាបានហោះបំពានចូលដែនកោះរបស់តៃវ៉ាន់នោះ គឺជារឿងដែលដ៏សមស្របបំផុតដែលត្រូវធ្វើ ក្រោយការព្រមានជាដដែលៗ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាតៃវ៉ាន់ជាលើកដំបូងបំផុត បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ីវិល១គ្រឿង ដែលបានហោះទន្ទ្រានចូលមកក្នុង ដែនអាកាសរបស់ខ្លួន ក្បែរកូនកោះតូចមួយស្ថិតនៅកៀកនឹងទីក្រុងសៀម៉ិន (Xiamen) ដែលនៅភាគអាគ្នេយ៍នៃប្រទេសចិន។

លោកនាយករដ្ឋមន្រ្តីតៃវ៉ាន់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ពួកគេមិនអើពើចំពោះការព្រមានឱ្យចាកចេញទៅវិញ ម្តងហើយម្តងទៀតរបស់យើង ដូច្នេះពួកយើងក៏លែងមានជម្រើសអ្វីផ្សេងទៀត ក្រៅពីអនុវត្តសិទ្ធិការពារខ្លួន ហើយបាញ់ទម្លាក់យន្តហោះដ្រូននោះ។ វាគឺជាការឆ្លើយតបយ៉ាងសមស្របបំផុត ក្រោយការអត់ធ្មត់និងព្រមានជាច្រើនសា»។

ទាហានតៃវ៉ាន់បានចាប់ផ្តើមបាញ់ព្រមាន ទៅលើយន្តហោះដ្រូនស៊ីល ដែលធ្វើដំណើរក្រឡឹងក្បែរៗទីប្រជុំកោះគីនម៉ិន (Kinmen) ជាលើកដំបូងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានចេញបញ្ជាឱ្យ យោធាតៃវ៉ាន់ចាត់វិធានការឆ្លើយតបរឹងមាំជាងមុន ប្រឆាំងនឹងអ្វីដែលលោកស្រីហៅថា ការបង្កហេតុរបស់ចិន។

គួរបញ្ជាក់ថា តៃវ៉ាន់បានគ្រប់គ្រងប្រជុំកោះ Kinmen ចាប់តាំងតែពីរដ្ឋបាលតៃវ៉ាន់ បានភៀសខ្លួនទៅកាន់ទីក្រុងតៃប៉ិលើកោះតៃវ៉ាន់ ក្រោយចាញ់សង្រ្គាមស៊ីវិលជាមួយក្រុមកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង កាលពីឆ្នាំ១៩៤៩។ ចំណុចកៀកបំផុតនៃទីប្រជុំកោះនោះ គឺស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីបណ្តោយឆ្នេរភាគអាគ្នេយ៍របស់ចិន៕

ដកស្រង់ពី៖ Fresh News