បណ្តាញសង្គម

អតីតប្រធានាធិបតីស្រីលង្កា ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន ក្រោយត្រឡប់ចូលស្រុកវិញ

អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួនរូបលោក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួនក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។

លោក Rajapaksa បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូ កាលពីព្រលឹមថ្ងៃសៅរ៍ ហើយបច្ចុប្បន្នលោក កំពុងស្នាក់នៅឯគេហដ្ឋានថ្មីមួយក្នុងរដ្ឋធានី ក្រោមការការពារសន្តិសុខ ដែលផ្ដល់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លោក Ranil Wickremesinghe។

តែយ៉ាងណាក៏ដោយ មេដឹកនាំក្រុមបាតុករម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកRajapaksa គួរតែត្រូវបាននាំខ្លួនឡើងតុលាការ សម្រាប់ការបង្កវិបត្តិដល់ប្រជាជន ២២លាននាក់របស់ស្រីលង្កា ដើម្បីទទួលការកាត់ទោសពីបទឧក្រិដ្ឋ ដែលលោកបានប្រព្រឹត្តផងដែរ។

មេដឹកនាំាបាតុករ រូបនេះបានបន្ថែមទៀតថា «លោក Rajapaksa បានត្រឡប់ចូលស្រុកវិញ គឺដោយសារតែគ្មានប្រទេសណាមួយចង់ទទួលយករូបលោក។ លោក គ្មានកន្លែងត្រូវលាក់ខ្លួនទៀតនោះទេ ដូចនេះ គួរតែត្រូវបានចាប់ខ្លួនភ្លាមៗ។

សូមបញ្ជាក់ថា លោក Gotabaya Rajapaksa មានអាយុ ៧៣ឆ្នាំ បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី បន្ទាប់ពីក្រុមបាតុករ សម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។

លោក បានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់នៅ សិង្ហបុរី ហើយក្រោយមកបានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោក បានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ ដើម្បីជួយសម្រួលឱ្យលោក បានត្រឡប់ចូលស្រុកវិញ។