បណ្តាញសង្គម

កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor

 អាជ្ញាធរកូរ៉េខាងត្បូង  បានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុង Hinnamnor កំពុងបក់បោកដោយនាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។

ព្យុះទីហ្វុង Hinnamnor ត្រូវបានគេរាយការណ៍ថា បក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿនខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើងដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាន នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះនេះ បក់បោកដល់តំបន់ដែនទឹកនៃកោះ Jeju នៅពាក់កណ្ដាលយប់ថ្ងៃចន្ទ។

ចំណែកឯទីក្រុងមួយចំនួន ដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ ក្នុងនោះរួមទីក្រុង Gwangju, Busan, Daegu និងទីក្រុង Ulsan ព្រមទាំងកោះ Jeju ខណៈអាជីវកម្មមួយចំនួន ត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon suk yeol បានបើកកិច្ចប្រជុំមួយជាមួយក្រុមអាជ្ញាធរ ដើម្បីត្រួតពិនិត្យឡើងវិញលើប្រព័ន្ធឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ជាមួយការសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខូចខាត និងផលប៉ះពាល់បង្កឡើងខ្យល់ព្យុះ នេះបើតាមការផ្សាយរបស់ Reuters ។