បណ្តាញសង្គម

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅប្រទេសរុស្សី ជាថ្មីម្តងទៀត

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បាននឹងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសរុស្សី ជាដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលតិចជាង ២ខែ ខណៈដែលរបបយោធាមីយ៉ាន់ម៉ា ព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយរុស្សី ចំពេលមានសម្ពាធជាអន្តរជាតិ។

ឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងវេទិកា អន្តរជាតិ ចាប់តាំងពីការដឹកនាំរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១ ដែលបានទម្លាក់អតីតរដ្ឋាភិបាលរបស់ លោកស្រី Aung San Suu Kyi។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា លោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច, ទស្សនាទីតាំងសំខាន់ៗក្នុងទីក្រុងមូស្គូ, សកលវិទ្យាល័យ និងរោងចក្រ ហើយរដ្ឋមន្រ្តី ក៏ដូចជាក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់លោក នឹងជួបជាមួយក្រុមមន្រ្តីរុស្សី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។

សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធា លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូជាលើកដំបូង ក្នុងនាមជាមេដឹកនាំកាលពីខែមិថុនា ឆ្នាំ២០២១ ដោយនៅគ្រានោះ ប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា។

ជាមួយគ្នានេះ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ លោក ក៏បានធ្វើដំណើរទៅកាន់ប្រទេសរុស្សីម្តងទៀត ជាអ្វីដែលទីក្រុងមូស្គូហៅថា ដំណើរទស្សនកិច្ចលក្ខណៈឯកជន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។