បណ្តាញសង្គម

មីយ៉ាន់ម៉ា ចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្សី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

 មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃពុធ បានឱ្យដឹងថា មីយ៉ាន់ម៉ា បានចាប់ផ្តើមទិញផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្សី ហើយរំពឹងការមកដល់នៃឥន្ធនះម៉ាស៊ូតដំបូងនេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្សីថែមទៀត។

លោក Min Aung Hlaing បានចែករំលែកពីដំណឹងខាងលើ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្សី កំលុងទស្សនកិច្ចលើកទី៣នៅឯប្រទេសរុស្សី គិតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមពង្រឹងទំនាក់ទំនងនៅចំពោះមុខការដាក់ទណ្ឌកម្មរបស់អន្តរជាតិ។

សូមបញ្ជាក់ថា កាលពីខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា លោក Min Aung Hlaing ទទួលបានការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីរុស្សី កំលុងទស្សនកិច្ចលើកទី២របស់លោក ដែលប្រព្រឹត្តទៅកាលពីខែកក្កដា។

ដោយឡែកបើតាមវិមានក្រឹមឡាំង កាលពីថ្ងៃពុធ លោក Min Aung Hlaing ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin នៅក្រៅវេទិកាសេដ្ឋកិច្ចចុងបូព៌ា EEF ក្នុងទីក្រុងភាគខាងកើត Vladivostok ផងដែរ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Moscow Times កាលពីថ្ងៃពុធ។