បណ្តាញសង្គម

ប្រមុខការពារជាតិអាមេរិក ប្រកាសផ្តល់សព្វាវុធបន្ថែមគិតជាប្រាក់ចំនួន ៦៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន

 រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានអនុម័តការផ្គត់ផ្គង់គ្រឿងសព្វាវុធ គិតជាទឹកប្រាក់ស្មើនឹង៦៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

លោក Austin បានធ្វើសេចក្តីប្រកាសដូចខាងលើ ពេលកំពុងបើកកិច្ចប្រជុំជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នៅឯមូលដ្ឋានយោធា Ramstein របស់អាមេរិកក្នុងប្រទេសអាល្លឺម៉ង់។

នៅក្នុងកិច្ចពិភាក្សាជុំថ្មីនៃកិច្ចប្រជុំ ស្តីពីការជួយជ្រោមជ្រែងដល់យោធារបស់អ៊ុយក្រែន គឺមានការចូលរួមពីសំណាក់អគ្គលេខាធិការនៃអង្គការ ណាតូ លោក Jens Stoltenberg ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ និងប្រមុខយោធាមកពីប្រទេសសរុប ជាង៤០។

សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាសរុបយ៉ាងហោចជាង ១០ពាន់លានដុល្លារហើយដល់រដ្ឋាភិបាលរបស់អ៊ុយក្រែន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហស្បតិ៍។