បណ្តាញសង្គម

ប្រមុខសន្តិសុខរុស្សី បំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសចិន

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សី លោក Nikolai Patrushev នឹងបើកកិច្ចសន្ទនាពិគ្រោះយោបល់ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីចិន កំឡុងបំពេញទស្សនកិច្ចចំនួន២ថ្ងៃក្នុងប្រទេសចិន ដែលចាប់ ផ្ដើមកាលពីថ្ងៃអាទិត្យ។

ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក Patrushev នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខយុទ្ធសាស្ត្រចិន-រុស្សីជុំទី១៧ ព្រមទាំងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់សន្តិសុខរវាងចិន និងរុស្សី កំឡុងដំណើរទស្សនកិច្ចរបស់លោក។

កិច្ចប្រជុំទាំងនេះ កើតមានឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន ជួបពិភាក្សាគ្នានៅប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាជំនួបទល់មុខលើកដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។

មកទល់នឹងពេលនេះ ចិន មិនបានថ្កោលទោសសង្រ្គាមរបស់រុស្សីនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានហៅសង្រ្គាមនេះថា ជាការឈ្លានពាននោះដែរ ក្នុងបរិបទដែលរុស្សី និងលោកខាងលិច កំពុងប្រឈមមុខដាក់គ្នាខ្លាំងបំផុត មិនធ្លាប់មាន ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក នេះបើតាមក្រសួងការបរទេសចិន ដែលដក ស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។