បណ្តាញសង្គម

ក្រុមតាលីបង់ ប្រកាសពីដំណឹងនៃការដោះដូរអ្នកទោសគ្នា ជាមួយសហរដ្ឋអាមេរិក

រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួន បានដោះលែងវិស្វករជនជាតិអាមេរិកម្នាក់ ឈ្មោះ Mark Frerichs ជាថ្នូរនឹងសមាជិកតាលីបង់ជាន់ខ្ពស់ម្នាក់ ដែលទើបមកដល់ទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន ក្រោយត្រូវបានសហរដ្ឋអាមេរិកដោះលែងឱ្យមានសេរីភាព។

រដ្ឋមន្រ្តីការបរទេសតាលីបង់ លោក Amir Khan Muttaqi បានប្រាប់ក្រុមអ្នកកាសែតនៅសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីកាលប៊ុលថា ខាងតាលីបង់ បានដោះដូរលោក Frerichs នៅព្រលានយន្តហោះកាប៊ុល កាលពីព្រឹកថ្ងៃចន្ទ ជាមួយលោក Haji Bashir Noorzai ជាសមាជិកជាន់ខ្ពស់ម្នាក់របស់តាលីបង់ ដែលត្រូវបានអាមេរិកឃុំខ្លួនអស់រយៈពេលរាប់ទសវត្សរ៍ ក្រោយរងការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន។

សូមបញ្ជាក់ថា លោក Mark Frerichs វិញ គឺជាវិស្វករ និងជាអតីតយុទ្ធជនកងទ័ពជើងទឹកអាមេរិក មកពីរដ្ឋអ៊ីលីណយ (Illinois) ហើយបានបំពេញការងារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន សម្រាប់រយៈពេលប្រហែល១ទសវត្សរ៍ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ លោក Frerichs ត្រូវបានចាប់ជំរិតដោយក្រុមសកម្មប្រយុទ្ធ ហាកានី (Haqqani) ដែលស្និទ្ធនឹងតាលីបង់កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ នេះបើតាមការផ្សាយ របស់ Reuters កាលពីថ្ងៃចន្ទ។

ដកស្រង់ពី៖Sabay