បណ្តាញសង្គម

ចិន ដាក់ពាក្យបណ្តឹង បន្ទាប់ពីលោក Biden និយាយថា សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ក្នុងការឈ្លានពានរបស់ចិន

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានដាក់ "សេចក្តីបន្ទោសយ៉ាងតឹងរ៉ឹង" ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំង អាមេរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ចិន។

ស្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ប្រទេសចិន រក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកប្រទេសជាតិ។

លោកស្រី ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ "ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ" និងមិនបញ្ជូន "សញ្ញាខុស" ដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិក កុំឱ្យធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយជាថ្មីថា កងទ័ពអាមេរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនប្រើកម្លាំងយោធា ហើយនេះជាការធ្វើអត្ថាធិប្បាយដ៏ច្បាស់លាស់បំផុតរបស់លោក ជុំវិញបញ្ហាដ៏រសើបនេះមកទល់បច្ចុប្បន្ន ដែលជារឿយៗតែងតែបង្កឱ្យចិនផ្ទុះកំហឹង នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។