បណ្តាញសង្គម

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវជាថ្មីឲ្យមានការធានាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនដំណើរទស្សនកិច្ចនៅ UN

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ទីក្រុងតេហេរ៉ង់ ពិតជាយកចិត្តទុកដាក់ខ្លាំង លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើមានការធានាណាមួយ ដែលប្រាកដថាសហរដ្ឋអាមេរិក នឹងមិនដកចេញម្តងទៀត។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក Raisi បានគូសបញ្ជាក់ថា «ប្រសិនបើវាជាកិច្ចព្រមព្រៀងដ៏ល្អមួយ និងមានយុត្តិធម៌នោះ យើងនឹងយកចិត្តទុកដាក់ ក្នុងការឈានទៅសម្រេចឲ្យបាន»។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយដែលថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ិនតោន អាចនឹងជម្នះភាពជាប់គាំង ដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ នោះឡើយ ប៉ុន្តែអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់អង្គមហាសន្និបាទ UN ក្នុងការបង្ហាញនូវឆន្ទះរបស់ខ្លួន ដើម្បីឈានដល់កិច្ចចព្រមព្រៀងមួយប្រកបដោយនិរន្តរភាព នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។