បណ្តាញសង្គម

លោក បៃដិន ប្រាប់លោក ស៊ី ជិនពីង៖ ជួយរុស្ស៉ី គឺជាកំហុសធ្ងន់ធ្ងរបំផុត

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកផ្ទាល់ធ្លាប់បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ បំផុតមួយ ប្រសិនបើចិនជួយរុស្ស៉ី ដោយបំពានលើវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ បើតាមលោក បៃដិន សារព្រមានខាងលើរបស់លោកធ្វើឡើងនៅក្នុងកិច្ចសន្ទនាជាមួយលោក ស៊ី ជិនពីង ពោលគឺនៅក្រោយពេលប្រធានាធិបតីចិនរូបនេះបានជួប ជាមួយលោក ពូទីន កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង កាលពីខែកុម្ភៈ។

រុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះបិទបញ្ចប់។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នក (លោក ស៊ី ជិនពីង) គិតថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃនឹងនៅតែបន្តវិនិយោគនៅក្នុងប្រទេសចិន បើទោះជាចិនបំពានលើទណ្ឌកម្មដែលបាន ដាក់លើរុស្ស៉ីក៏ដោយ នោះខ្ញុំគិតថាអ្នកកំពុងបង្កកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត....»។

តែយ៉ាងណាក៏ដោយ លោក បៃដិន បន្ថែមថាមកទល់នឹងពេលនេះមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាចិនយល់ព្រមបញ្ជូនអាវុធ ឬជួយរុស្ស៉ីតាមដែលលោក ពូទីន ចង់បាននោះទេ។ ចំណែកឯ ក្រុមអ្នកវិភាគភាគច្រើនសុទ្ធតែយល់ស្របដូចគ្នាថា ខណៈចិនមានទំនាក់ទំនងពាណិជ្ជកម្មស៊ីជម្រៅជាមួយបណ្ដាប្រទេស លោកខាងលិច នេះមានន័យថាទីក្រុងប៉េកាំងមិនចង់បំផ្លាញសេដ្ឋកិច្ចខ្លួនឯងដោយសារតែជួយរុស្ស៉ីនោះទេ៕

ដកស្រង់ពី៖Fresh News