បណ្តាញសង្គម

នាយករដ្ឋមន្ត្រីជប៉ុន បង្ហើបពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុន

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានលើកឡើងជាថ្មីពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈភាពតានតឹង កំពុងកើនឡើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក Kishida បានបញ្ជាក់ទៀតថា ជប៉ុននៅតែបន្តប្រកាន់ខ្ជាប់នូវនយោបាយការទូត ដែលត្រូវបានដាក់ចេញកាលពីជាង២ទសវត្សរ៍មុន ដោយអតីតនាយករដ្ឋមន្ត្រីលោក Junichiro Koizumi) នាឱកាសបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង។

លោក Kishida បានបន្ថែមដូច្នេះថា «ជប៉ុន ត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាលើបញ្ហាដែលជាក្ដីកង្វល់រួម ... ខ្ញុំ មានការប្ដេជ្ញាចិត្តចង់ជួបជាមួយលោកប្រធាន គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។

សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន ធ្លាប់បានជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំនួន៣លើក សំដៅបន្ធូរបន្ថយភាពតានតឹង ក៏ប៉ុន្តែមិនអាចសម្រេច បានដំណោះស្រាយជាអចិន្ត្រៃយ៍ណាមួយឡើយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោក គីម ក៏បានដាក់ចេញច្បាប់ថ្មីស្ដីពីអាវុធនុយក្លេអ៊ែរផងដែរ ជាមួយការសង្កត់ធ្ងន់ថា កូរ៉េខាងជើង នឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។