បណ្តាញសង្គម

ព្យុះទីហ្វុង Noru បន្តឆ្ពោះទៅរកវៀតណាម ក្រោយផ្តាច់ជីវិតមនុស្ស៨នាក់ និងបង្កការជន់លិចនៅហ្វីលីពីន

កាលពីថ្ងៃអង្គារ វៀតណាម បានអំពាវនាវបន្ថែមទៀតឱ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុង Noru កំពុងតែកើនកម្លាំង ហើយសំដៅមកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីវា បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ និងបង្កការជន់លិចពាសពេញប្រទេសហ្វីលីពីន។

ទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារ កម្លាំងខ្យល់របស់ព្យុះ Noru បានឈានដល់ល្បឿនចន្លោះខ្ទង់ ១៣៤-១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅវេលាយប់ថ្ងៃដដែល ល្បឿនខ្យល់ អាចនឹងកើនដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមការព្យាករណ៏ ព្យុះ Noru នឹងបោកបក់មកដល់វៀតណាម នៅថ្ងៃពុធនេះ មុនពេលវាថយចុះឥទ្ធិពលទៅវិញ រួចបន្តឆ្ពោះទៅរកប្រទេសថៃ។

ចាប់ពីថ្ងៃអង្គារ អាជ្ញាធរអាកាសចរណ៍វៀតណាម បានសម្រេចបិទអាកាសយានដ្ឋានចំនួន៩ នៅទូទាំងប្រទេស ជាហេតុនាំឱ្យជើងហោះហើរក្នុងស្រុក និងក្រៅស្រុករាប់រយជើង ត្រូវបានលុបចោល។ កងទ័ពវៀតណាមប្រមាណ ២៧០,០០០នាក់ ក៏ត្រូវបានដាក់ឱ្យនៅប្រុងជើងការសម្រាប់ប្រតិបត្តិការជួយសង្រ្គោះផងដែរ។

បើតាមទីភ្នាក់ងារឧតុនិយមវៀតណាម តំបន់ដែលនឹងរងការវាយប្រហារខ្លាំង គឺខេត្តនៅភាគកណ្តាលប្រទេស រួមមានក្វាងងៃ ហើយនិងខេត្តក្វាងណាំ ជាទីដែលមនុស្សជាង ១៣៣,០០០នាក់ ត្រូវបានជម្លៀសខ្លួន។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៏ ព្យុះ Noru បានវាយប្រហារលើហ្វីលីពីន ក្នុងទម្រង់ជាព្យុះទីហ្វុងកម្រិតទី៣ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។