បណ្តាញសង្គម

ប្រទេសចិន នឹងបញ្ចេញសាច់ជ្រូកបំរុងលើកទី៥ ដើម្បីឱ្យសម្រួលតម្លៃ

អ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិន នឹងបញ្ចេញសាច់ជ្រូក បម្រុងលើកទីប្រាំ ចូលទៅក្នុងទីផ្សារពីទុនបំរុងកណ្តាល ដើម្បីរក្សាស្ថេរភាពនៃការផ្គត់ផ្គង់ និងតម្លៃ។

តម្លៃជ្រូក បានស្ថិតក្នុងកម្រិតខ្ពស់មួយ នាពេលថ្មីៗនេះ។ សមត្ថភាពផលិតកម្មជ្រូកក្នុងស្រុកជាទូទៅ គឺសមរម្យ និងសម្បូរហូរហៀរ ដូច្នេះហើយតម្លៃជ្រូក មិនមានមូលដ្ឋានណាឡើងថ្លៃនោះទេ នេះបើតាមគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC)។

ត្រឹមម៉ោង២ រសៀល កាលពីថ្ងៃសៅរ៍ ទិន្នន័យពីក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានបង្ហាញថា តម្លៃសាច់ជ្រូកលក់ដុំជាមធ្យម បានកើនឡើង 2.5% ពីថ្ងៃសុក្រ ពោលគឺឡើងដល់ 32.81 យន់ (ប្រហែល 4.62 ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ NDRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួន នឹងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ និងតម្រូវការជ្រូក ព្រមទាំងនិន្នាការតម្លៃ បន្តបញ្ចេញទុនបម្រុងសាច់ជ្រូក និងបង្កើនការបញ្ចេញសាច់ជ្រូក ប្រសិនបើចាំបាច់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ។