បណ្តាញសង្គម

លោក បៃដិន សន្យាប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបៗឱ្យអ៊ុយក្រែន ក្រោយការវាយប្រហារមីស៉ីលយ៉ាងចាស់ដៃរបស់រុស្ស៉ី

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈការសន្យានេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ ស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក បៃដិន បាននិយាយទូរសព្ទជាមួយ លោក ហ្សេលេនស្គី ដើម្បីផ្តល់ការធានាអំពី ការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាដើម្បីថ្កោលទោស ការវាយប្រហារមិនសមហេតុផលរបស់រុស្ស៉ី ដែលត្រូវចំលើគោលដៅ ជាជនស៉ីវិលស្លូតត្រង់។ នាឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានសន្យាបន្តផ្តល់ការគាំទ្រផ្សេងៗ ដែលអ៊ុយក្រែនត្រូវការ ដើម្បីការពារខ្លួន រួមមានទាំងប្រព័ន្ធការពារដែនអាកាសទំនើបៗ។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានអ៊ុយក្រែនថា ការវាយប្រហារមីស៉ីលយ៉ាងសម្បើម កាលពីថ្ងៃចន្ទម្សិលមិញ គឺជាការសងសឹកចំពោះ ករណីបំផ្ទុះស្ពានគ្រីមៀកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលលោក ពូទីន ចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ និងហៅវាថាជាអំពើភេរវកម្ម។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខ ស្មើនឹងទឹកប្រាក់សរុបជាង ១៦.៨ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ និងថែមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន ប្រឆាំងនឹងទីក្រុងមូស្គូទៀតផង៕

ដកស្រង់ពី៖Fresh News