បណ្តាញសង្គម

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធ និងគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងច្បាប់កាន់ កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅ មជ្ឈមណ្ឌលថែទាំកុមារ។

មនុស្សសរុបចំនួន ៣៦នាក់ រួមទាំងកុមារ ២៤នាក់ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ដោយអតីតប៉ូលីស ដែលក្រោយមកបានសម្លាប់ខ្លួននៅក្នុងទីក្រុង Uthai Sawan ដែលស្ថិតនៅចម្ងាយ ៥០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧត្តមសេនីយ ប្រាយុទ្ធ បានណែនាំ ដល់ អាជ្ញាធរ ឱ្យស្វែងរក និងធ្វើតេស្តយ៉ាងហ្មត់ចត់ចំពោះមន្ត្រី និងសហគមន៍សម្រាប់ការប្រើប្រាស់គ្រឿងញៀនខុស ច្បាប់។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានរដ្ឋាភិបាល ដកហូតអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងរបស់ ម្ចាស់ ដែលបានចុះបញ្ជី ហើយត្រូវបានរាយការណ៍ថា មានអាកប្បកិរិយា «គំរាមកំហែងដល់សង្គម» និង «បង្កើតឱ្យមានភាពចលាចល»។ ទន្ទឹមនឹងនេះ ក៏មានការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និង ការប្រើប្រាស់អាវុធខុសច្បាប់ផងដែរ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ។