បណ្តាញសង្គម

លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរកាលពីសប្ដាហ៍ មុន។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅពេលដែលត្រូវបានសាកសួរថាតើមាន ភាពប្រាកដប្រជាកម្រិតណាដែលលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយយ៉ាងខ្លីថា «ជាការពិត ខ្ញុំមិនគិតឡើយថាគាត់នឹងប្រើ (អាវុធនុយក្លេអ៊ែរ)»។

ប៉ុន្តែ លោកបន្ថែមទៀតថាការសម្លុតគំរាមពីរុស្ស៉ីអាចនឹងក្លាយជាកំហុសមួយដ៏ មហន្តរាយ និងការគណនាខុស ដោយមិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ ប្រសិនបើលោក ពូទីន ពិតជាប្រើ អាវុធនុយក្លេអ៊ែរតាក់ទិកប្រឆាំងនៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែនមែននោះ។ គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក ចូ បៃដិន ក៏បានបញ្ជាក់ឡើងវិញផងដែរថាលោក ពូទីន បានគិតខុសដែលយល់ថា អ៊ុយក្រែនអាចនឹងចុះចាញ់ការឈ្លានពានរបស់រុស្ស៉ី ហើយការគិតខុសនេះកំពុងបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៉ី៕

ដកស្រង់ពី៖Fresh News