បណ្តាញសង្គម

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងបន្តឈរឈ្មោះជាសមាជិកសភា ទោះស្ថិតក្នុងវ័យ៩៧ឆ្នាំក៏ដោយ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Mahathir Mohamad ដែលបច្ចុប្បន្នមានវ័យ ៩៧ឆ្នាំ ហើយក៏ដោយនោះ បានប្រកាសឱ្យដឹងថា លោក នឹងបន្តឈរឈ្មោះជាសមាជិកសភាក្នុងការបោះឆ្នោតសកល នាពេលប៉ុន្មានខែ ខាងមុខទៀតនេះ ប៉ុន្តែមិនច្បាស់ថា រូបលោក អាចនឹងកាន់តំណែងជានាយករដ្ឋមន្រ្តី ជាលើកទី៣ ឬយ៉ាងណា ឡើយ។

កាលពីថ្ងៃអង្គារ លោក Mahathir បាននិយាយថា លោក នឹងបន្តការពារអាសនៈរបស់លោក ដែលតំណាង ឱ្យស្រុកឡាងកាវី នៃរដ្ឋខេដា។ ប៉ុន្តែលោក បានបន្ថែមថា សម្ព័ន្ធគណបក្សនយោបាយរបស់លោក គឺចលនាមាតុភូមិ មិនទាន់សម្រេចថាតើ នរណានឹងក្លាយជានាយករដ្ឋមន្រ្តីនោះទេ ប្រសិនបើទទួលជ័យជម្នះ ក្នុងការបោះឆ្នោត ដែលត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខ្ទង់ដើមខែវិច្ឆិកាខាងមុខ។ សូមបញ្ជាក់ថា លោក Mahathir ធ្លាប់ជានាយករដ្ឋមន្រ្តីនៃសហព័ន្ធម៉ាឡេស៉ីចំនួន២លើក។

ការកាន់តំណែងលើកទីមួយរបស់លោក គឺមានរយៈពេលដល់ទៅ២២ឆ្នាំ គឺពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ រូបលោក បានចាកចេញពីការចូលនិវត្តន៍វិញ កាលពីឆ្នាំ២០១៨ ដើម្បីដឹកនាំសម្ព័ន្ធគណបក្សក្តីសង្ឃឹម ហើយទទួលបានជ័យជម្នះនឹកស្មានមិនដល់ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្រ្តីម្តងទៀត ក្នុងវ័យ៩២ឆ្នាំ មុនពេលលោកលាលែងពីតំណែង កាលពីខែមីនា ឆ្នាំ២០២០ នេះបើតាមការផ្សាយរបស់ AFP។