បណ្តាញសង្គម

លោកស្រី អោងសាន ស៊ូជី ត្រូវតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ បន្ថែមទៀត

កាលពីថ្ងៃពុធ តុលាការនៃរបបយោធាមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ចំនួន៣ឆ្នាំបន្ថែមទៀតសម្រាប់បទល្មើសពុករលួយ ដែលសរុបមកទល់ពេលនេះ ធ្វើឱ្យរយៈពេលនៃការត្រូវជាប់ពន្ធនាគាររបស់លោកស្រី កើនដល់យ៉ាងតិច២៣ឆ្នាំ។

តាមពិតទៅ លោកស្រី ស៊ូជី ត្រូវបានតុលាការផ្តន្ទាដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ សម្រាប់បទល្មើសពុករលួយចំនួន២ករណីរួមគ្នា ពោលគឺ៣ឆ្នាំ សម្រាប់ករណីនីមួយៗ។ លោកស្រី រងការចោទប្រកាន់ថា បានទទួលសំណូកពីពាណិជ្ជករម្នាក់។

យ៉ាងណាក្តី ដោយសារតែទោសនៃបទល្មើសទាំង២ នឹងត្រូវអនុវត្តដំណាលគ្នានោះ មានន័យថា លោកស្រី ស៊ូជី ត្រូវជាប់ពន្ធនគារត្រឹមរយៈពេល ៣ឆ្នាំបន្ថែមប៉ុណ្ណោះ។ សូមបញ្ជាក់ថា កាលពីចុងខែកញ្ញា លោកស្រី អោងសាន ស៊ូជី ទើបតែត្រូវបានតុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ក្រោមបទល្មើសបំពានច្បាប់កិច្ចការសម្ងាត់រដ្ឋ ដែលកាលនោះធ្វើឱ្យរយៈពេលត្រូវជាប់ពន្ធនាគាររបស់លោកស្រី កើនដល់ ២០ឆ្នាំ ដោយបូកសរុបជាមួយការកាត់ទោសលើលោកស្រី ក្នុងសំណុំរឿងដាច់ដោយឡែកដទៃទៀត កាលពីពេលកន្លងមក។ អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានបន្តស្ថិតក្រោមការឃុំឃាំងរហូតមក តាំងតែពីការផ្ទុះរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ នេះបើតាមការផ្សាយរបស់ AFP ។