បណ្តាញសង្គម

តុលាការថៃ កាត់ទោសមនុស្ស៣នាក់ ដាក់ពន្ធនាគារ៨ខែ ជុំវិញការចែកចាយបន្ត (Share) ព័ត៌មានថា លោក ប្រាយុទ្ធ ទិញផ្កាយរណបតាមដានប្រជាជន

(បាងកក)៖មនុស្ស ៣នាក់ ត្រូវបានតុលាការនៅក្នុងប្រទេសថៃ ផ្ដន្ទាទោសក្នុងម្នាក់ដាក់ពន្ធនាគាររយៈពេល ៨ខែ ពីបទបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ តាមរយៈការចែករំលែកដោយចេតនានូវព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ព័ត៌មានដែលខាងអាជ្ញាធរថៃអះអាងថាជាព័ត៌មានក្លែងក្លាយខាងលើ គឺមានជាប់ពាក់ព័ន្ធនឹងការលើកឡើងថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) បានទិញផ្កាយរណបមួយគ្រឿងក្នុងតម្លៃ ៩១.២ពាន់លានបាត ដើម្បីស៊ើបការណ៍ និងតាមដានប្រជាជនថៃ។ ជនជាប់ចោទទាំង៣នាក់ បានស្ថិតនៅក្នុងចំណោមមនុស្ស១៤នាក់ ដែលបានចែករំលែកព័ត៌មានក្លែងក្លាយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៨ ហើយព័ត៌មានក្លែងក្លាយនេះទៀតសោតត្រូវបានបង្ហោះលើទំព័រ Facebook ឈ្មោះ KhonthaiUK ជាកម្មសិទ្ធិរបស់ស្រី្តម្នាក់ឈ្មោះ វឌ្ឍណា អែមបេក (Watthana Embage)។

ចំណែកឯ ជនជាប់ចោទ១១នាក់ផ្សេងទៀតត្រូវបានដោះលែង។ គួរបញ្ជាក់ថា ក្រសួងការពារជាតិថៃ បានអះអាងថាមិនបានទិញផ្កាយរណបដូចការចោទប្រកាន់នោះទេ ហើយបើតាមសាលក្រមតុលាការ ជនជាប់ចោទទាំង៣នាក់ក៏បានសារភាពដែរថាពួកគេចែករំលែកព័ត៌មានដ៏ចម្រូងចម្រាសនេះ ដើម្បីចង់បានចំនួនអ្នកតាមដានគណនី Facebook របស់ពួកគេ៕

ដកស្រង់ពី៖Fresh News